១. លក្ខណៈទូទៅ

ជំងឺគ្រុនឈាមជាជំងឺឆ្លងមួយប្រភេទដែលបង្ករដោយមេរោគជាវីរុស Flavivirus ក្នុង​អំបូរ Flaviridae ។ គេបានរកឃើញមេរោគនេះដំបូងនៅក្នុងកុំឡុងពេលសង្គ្រាមលោកលើកទី២។ ជំងឺនេះច្រើនរាតត្បាតនៅប្រទេសស្ថិតនៅក្នុងតំបន់ត្រូពិច និងក្រោមត្រូពិច (Subtropical)។ ជារៀងរាល់ឆ្នាំ គេប៉ាន់ប្រមាណថាមានអ្នកជំងឺឆ្លងមេរោគនេះប្រហែល ៣៩០លាននាក់ ដែលក្នុងនោះមានតែ៩៦លាននាក់ប៉ុណ្ណោះដែលមានចេញជារោគសញ្ញា។

IMG_3379
ប្រទេសនានាដែលប្រឈមនឹងជំងឺគ្រុនឈាម Credit Photo: WHO

 

កំណត់​ត្រាជំងឺគ្រុនឈាមដែលមានកាលបរិច្ឆេតចាស់ជាងគេគឺក្នុងគម្ពីរពេទ្យបុរាណចិនស្តីពីអាការៈជំងឺ (Encyclopedia of Disease Symptoms) ក្នុងរាជវង្សជីន (Jin Dynasty 265-420AD) ស្ថិតនៅចន្លោះ​គ្រឹះសករាជ២៦០ដល់៤២០  ដែលគេបានកែប្រែជាបន្តបន្ទាប់នៅសម័យកាលក្រោយៗមក​ទៀត នៅគ្រឹះសករាជ៦១០ ក្នុងរាជវង្សសួយ(Sui Dynasty )ម្តង និងម្តងទៀតនៅគ្រឹះសករាជ ៩៩២ រាជវង្សសុង (Sung Dynasty)។ ក្នុងគម្ពីរនេះ គ្រូពេទ្យចិនបុរាណបានឱយឈ្មោះថា «ជំងឺពឺសទឹក» (Water Poison) ដោយសារគេបានសង្កេតឃើញថាជំងឺនេះមានទាក់ទងជាមួយនឹងសត្វល្អិត (ប្រភេទសត្វហើរ flying insects) ដែលរស់ជាប់ជាមួយទឹក។ កំណត់ត្រាដែលបានរៀបរាប់ពីការរាតត្បាតធំៗរបស់ជំងឺគ្រុនឈាមមុនគេគឺនៅក្នុងចន្លោះឆ្នាំ១៧៧៩និង១៧៨០ នៅទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកខាងជើង។
នៅក្នុងភាសាអង់គ្លេស និងបារាំង គេហៅជំងឺគ្រុនឈាមថា Dengue Fever/ La Fièvre Dengue ។ គេយកពាក្យ Dengue នេះមកហៅជំងឺនេះដំបូងគេនៅឆ្នាំ១៨០១ ក្នុងភាសា​អេស្ប៉ាញ។ ពាក្យថា Dengue នេះ អ្នកជំនាញខ្លះជឿថាពាក្យ Dengue មានឬសគល់ចេញ​ពីពាក្យ Denga or Dinga ក្នុងភាសា Swahili នៅអាហ្វ្រិកខាងកើត។

នៅអាស៊ីអាគ្នេយ៍ ការរាតត្បាតជំងឺគ្រុនឈាមដែលគេស្គាល់ដំបូងគេគឺនៅក្រុង​ម៉ានីល ប្រទេសហ្វីលីពីន ចន្លោះឆ្នាំ១៩៥៣ឥ១៩៥៤។ ជំងឺនេះបានរាតត្បាតទៅក្រុងដទៃ​ទៀតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងទស្សវត្សន៍ឆ្នាំទី៧០។ កម្ពុជាចាប់ប្រឈមនឹងជំងឺគ្រុនឈាមចាប់ពីឆ្នាំ១៩៦២មកម្លេះ។ ក្នុងទស្សវត្សន៍ឆ្នាំទី៧០ អ្នកនៅក្រុងភ្នំពេញខ្លះបានហៅគ្រុនឈាមថា «គ្រុនអាមេរិច» ដោយពួកគេជឿថាវាឆ្លងមកពីពួកទាហានអាមេរិច។ គិតតាំងពីឆ្នាំ១៩៩០ មកដល់២០១៩ នៅកម្ពុជា ជំងឺគ្រុនឈាមធ្ងន់ធ្ងរបានផ្ទុះឡើងក្នុងទ្រង់ទ្រាយធំចំនួន៤លើក ទី១នៅឆ្នាំ១៩៩០ មាន៧២៤១ករណី ក្នុងនោះមានស្លាប់៣៣១ករណី លើកទី២នៅឆ្នាំ១៩៩៥ មាន១០២០៨ករណី ក្នុងនោះមានស្លាប់៤២៤ករណី លើកទី៣នៅឆ្នាំ១៩៩៨ មាន១៦២៦៤ករណី និងស្លាប់៤៧៥ករណី ចុងក្រោយបំផុតក្នុងឆ្នាំ២០០៧ មាន៣៩៦១៨ករណី មានស្លាប់៣៦៥ករណី ដោយគិតពីខែមករាដល់ខែសីហា។ បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី PLOS (Public Library of Science) ករណីជំងឺគ្រុនឈាមនៅកម្ពុជានៅឆ្នាំ២០០៧ អាចមានច្រើនជាងនេះ។ មកទល់បច្ចុប្បន្ននេះ នៅកម្ពុជា គេប៉ាន់ប្រមាណថាមាន ១៨៥៨៥០ករណីក្នុងមួយឆ្នាំៗ។

២. ការបង្ករជំងឺ

ជំងឺគ្រុនឈាមបង្ករដោយមេរោគជាប្រភេទវីរុសប្រភេទ RNA Virus ឈ្មោះ Flavivirus ក្នុង​អំបូរ Flaviridae។ មេរោគនេះត្រូវអ្នកវិទ្យាសាស្ត្រជប៉ុនឈ្មោះ Ren Kumara និង Susumu Hotta រកឃើញមុនគេនៅឆ្នាំ៩៤៣។ មួយឆ្នាំក្រោយមក អ្នកវិទ្យាសាស្ត្រអាមេរិច ALBERT B. SABIN និង R. WALTER SCHLESINGER ដាច់ដោយឡែកពីអ្នកវិទ្យាសាស្ត្រជប៉ុន បានរកឃើញមេរោគជំងឺគ្រុនឈាមផងដែរ ( ទាំងអ្នកវិទ្យាសាស្ត្រជប៉ុន និងអាមេរិចរកឃើញ DENV-1 ក្រោយមក គេបានរកឃើញមេរោគគ្រុនឈាមប្រភេទផ្សេងទៀត)។ កាលដើមឡើយ មេរោគនេះរស់នៅជាមួយសត្វក្នុងព្រៃជ្រៅ ដោយមិនបង្ករជំងឺដល់សត្វ។ គេជឿថាមេរោគនឆ្លងមកនឲមនុស្សអាចនៅម្តុំ៥០០ឆ្នាំមុន ឬ១ពាន់ឆ្នាំមុន នៅអាហ្វ្រិក ឬនៅតំបន់អាស៊ីអាគ្នេយ៍។

1_2
The change in distribution of dengue serotypes The distribution of dengue serotypes in 1970 (a) and 2004 (b). © 2014 Nature Education All rights reserved. TERMS OF USE You may reproduce this material, without modifications, in print or electronic form for your personal, non-commercial purposes or for non-commercial use in an educational environment.

គេចែកមេរោគនេះជា ៤ប្រភេទ DENV-1, DENV-2, DENV-3, និង DENV-4 (រកឃើញ​នៅក្រុងម៉ានីលក្នុងឆ្នាំ១៩៥៦)។ មេរោគគ្រុនឈាមនេះឆ្លងមកមនុស្សតាមរយៈមូសខ្លា មូសដែលមានស្នាមឆ្នូតសនិងខ្មៅ។ មូសខ្លា២ប្រភេទ Aedes (Stegomyia) aegypti (Ae. Aegypti) និង Aedes (Stegomyia) albopictus (Ae. albopictus) ដែលដើរតួយ៉ាងសំខាន់ក្នុងការចំលងមេរោគគ្រុនឈាមនេះមកមនុស្ស។

IMG_3380
មូសខ្លាទាំង២ប្រភេទ Credit Photo: Researchgate.com

Ae. Aegypti  ជាប្រភេទ​មូសដែលមានប្រភពមកពីទ្វីបអាហ្វ្រិច។ ដំបូងឡើយ វាជាប្រភេទមូសដែលរស់ក្នុងព្រៃដាច់ដោយឡែកពីសហគមន៍មនុស្ស។ បន្ទាប់មក វាបានវិវឌ្ឃន៍ខ្លួនមករស់នៅជាប់ជាមួយសហគមន៍មនុស្ស។ គេជឿថាមូសខ្លាប្រភេទ Ae. Aegypti ឆ្លងរាលដាលចេញពីទ្វីបអាហ្វ្រិចនៅចន្លោះពីសតវត្សន៍ទី១៧ដល់ទី១៩តាមរយៈសំពៅពានិជ្ជកម្ម និងអាជីវកម្មទាសករ។ បើយោងតាមទស្សនាវដ្តី The Nature  មូសខ្លាប្រភេទនេះទំនងជាបានមកដល់តំបន់អាស៊ីអាគ្នេយ៍នៅក្នុងសតវត្សន៍ទី១៩តាមនាវាពានិជ្ជកម្ម។

Ae. Albopictus ជាប្រភេទមូសខ្លាដែលមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ និងប្រជុំកោះភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិច និងមហាសមុទ្រឥណ្ឌា។ សព្វថ្ងៃនេះ មូសខ្លាប្រភេទនេះបានរាលទៅដល់ទ្វីបអាហ្វ្រិក អឺរ៉ុប និងអាមរិក។

IMG_3376
តំបន់ដែលមូសខ្លាទាំង២ប្រភេទរស់នៅ​ Credit Photo: WHO

មូសខ្លាជាមូសដែលច្រើនរស់នៅតំបន់ត្រូពិច និងក្រោមត្រូពិច ពិសេសតំបន់ដែលមានមនុស្សរស់នៅកុះករ។ វាចូលចិត្តពងដាក់ក្នុងរបស់របរដែលអាចដក់ទឹក មានដូចជាថូផ្កា សំបកកង់ឡាន កំប៉ុង អំបែង និងសំណល់ដែលអាចដក់ទឹកភ្លៀងបានដទៃទៀត ជាជាងតាម​​ថ្លុក ឬត្រពាំង។

តាមពិតទៅ មូសខ្លា ទាំងញីទាំងឈ្មោលបឺតទឹកដមរុក្ខជាតិ (Nectar) ទឹកផ្លែឈើ និងជាតិស្កររបស់រុក្ខជាតិដទៃទៀតជាចំណី ជាប្រភពថាមពលចំបងរបស់វា។ ចុះហេតុអ្វីបានជាមូសខ្លាត្រូវខាំបឺតឈាមមនុស្សឬសត្វ? មូសខ្លាត្រូវការឈាមមនុស្សឬសត្វដើម្បីបង្កើតពងមូស។ មូសខ្លាញីអាចពងច្រើនដងក្នុងមួយជីវិតរបស់វា។

មូសខ្លាពេញវ័យចូលចិត្តសំងំនៅក្នុងផ្ទះ ឬអាគារ (Indoors) ហើយវាចេញមកខាំតែ​ពេលថ្ងៃ។ មូសខ្លាញី ពិសេសមូសប្រភេទ Ae. Aegypti ត្រូវការខាំបឺតឈាមច្រើនដងក្នុងពេលវាបង្កើតពងម្តងៗ (Nervous feeders) ។ ដោយសារអកប្បកិរិយារបស់មូសប្រភេទនេះហើយទើបក្នុង​ផ្ទះមួយ អាចមានអ្នកកើតជំងឺគ្រុនឈាមច្រើនគ្នាបាន ហើយវាក៏ដើរតួរយ៉ាងសំខាន់ក្នុងករណីផ្ទុះជំងឺនៅក្នុងក្រុង។ មូសអាចរកឃើញមនុស្សបាន​តាមរយៈឧស្ម័នកាបូនិចដែលចេញពីស្បែកមកនុស្ស។

អ្នកជំងឺចាប់ផ្តើមស្តែងជាអាការៈក្រោយពីមានមូសដែលផ្ទុកមេរោគគ្រុនឈាមមកខាំរយៈពេលចន្លោះពី ៣ទៅ១៤ថ្ងៃ (ជាមធ្យមពី៤ទៅ៧ថ្ងៃ)។ អ្នកជំងឺចាប់ក្តៅខ្លួន និងមាន​អាការៈមិនច្បាស់លាស់មួយចំនួនទៀត រយៈពេលយ៉ាងឆាប់២ថ្ងៃ យ៉ាងយូរដល់១០ថ្ងៃ ដែល​ក្នុងរយៈពេលនេះ គេឱយឈ្មោះថា Acute febrile period ។ មេរោគកើនឡើងក្នុងចរន្តឈាម អាចរាតត្បាតទៅដល់​សសៃឈាមនៅចុងដៃចុងជើងនៅមុនអ្នកជំងឺមានស្តែងជាអាការៈនានា ២ឬ៣ថ្ងៃ ហើយវាស្ថិតនៅក្នុងចរន្តឈាមរហូតដល់ ៤ឬ៥ថ្ងៃក្រោយអ្នកជំងឺលែងមានអាការៈទាំងនោះ។ នេះជាកំឡុងពេលមួយដែលអាចចំលង​ជំងឺនេះទៅអ្នកផ្សេងបានយ៉ាងខ្លាំង ។

នៅពេលដែលមូសខ្លាញីខាំអ្នកជំងឺ ឬសត្វ (សត្វស្វា Macaque អាចផ្ទុកមេរោគគ្រុនឈាម តែមេរោគនេះមិនអាចធ្វើឱយស្វាកើតជំងឺគ្រុនឈាមបានឡើយ) ដែលមានផ្ទុកមេរោគជំងឺគ្រុនឈាម មេរោគបានជ្រាតចូលក្នុងកោសិការ Epithelial Cellរបស់មូស បង្កើតកូនចៅ រួចជ្រាតទៅដល់ក្រពះមូស (Midgut) បន្ទាប់មកទើបចូលដល់ Haemococele របស់មូសដើម្បីឆ្លងទៅក្រពេញទឹកមាត់មូស និង ផ្លូវភេទរបស់មូសដែលអាចចំលងមេរោគនេះទៅពងមូសបានតទៅទៀត។ មូសខ្លាញីត្រូវការរយៈពេលចន្លោះពី ៨ទៅ១២ថ្ងៃដើម្បីអាចចំលងមេរោគជំងឺគ្រុនឈាមនេះទៅមនុស្សឬសត្វបាន។ រយៈពេលនេះ គេហៅថា Extrinsic Incubation Period (EIP)។ មេរោគគ្រុនឈាមស្ថិតនៅក្នុងខ្លួនមូសរហូតដល់មូសស្លាប់ (មូសអាចរស់បានប្រហែលមួយខែ)។ បើមេរោគស្ថិតក្នុងខ្លួនមនុស្ស  អ្នកផ្ទុកអាចត្រូវការរយៈពេលចន្លោះពី៥ទៅ៧ថ្ងៃដើម្បីអាចចំលងមេរោគទៅមូសបាន។ រយៈពេលនេះ គេឱយឈ្មោះថា Intrinsic Incubation Period (IIP)។

IMG_3383
រយៈពេល មេរោគជំងឺគ្រុនឈាមវិវឌ្ឍន៍ក្នុងខ្លួនមនុស្ស​ និងក្នុងខ្លួនមូស Credit Photo: CDC

មានកត្តាធំៗ២ដែលជំរុញជំងឺគ្រុនឈាមរាតត្បាតបាន។ កត្តាទី១គឺការកើនឡើងចំនួន​ប្រជាជនរស់នៅដោយគ្មានគំរោងរៀបចំក្រុងច្បាស់លាស់ (Urban management plan)។ កត្តា​ទី២គឺការកំចាត់គ្រប់សត្វមូសគ្មានប្រសិទ្ធភាព (សិង្ហបុរីអនុវត្តន៍កម្មវិធីគ្រប់គ្រង និងកំចាត់​មូសខ្លាបានល្អជាងគេក្នុងចន្លោះទស្សវត្តន៍ឆ្នាំ៧០និង៨០)។ ការធ្វើដំណើររបស់មនុស្សក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱយមានវិសាលភាពនៃការរាតត្បាតជំងឺ ពិសេសការធ្វើដំណើររបស់អ្នកជំងឺដែលឆ្លងមេរោគគ្រុនឈាមហើយមិនមានអាការៈអ្វីទាំងអស់។

 

ប្រភព៖

១. Comprehensive Guidelines for Prevention and Control of Dengue and Dengue Haemorrhagic Fever; Revised and expanded edition; by WHO, 2011

២. Tropical Infectious Diseases, Principles, Pathogens and Practice, 3rd edition 2011

៣. https://journals.plos.org/plosntds/

៤. http://www.nature.com

៥. https://www.nature.com/scitable/ebooks/dengue-fever-22453392/contents

៦. https://science.sciencemag.org/content/101/2634/640