នៅគ្រឹះសករាជ១៦០២ ក្រុមហ៊ុនរបស់ហូឡង់ដ៏ល្បី East Indian Company បានមកបោះទីតាំងនៅប៉ាតាណី នគរសៀម។ Jeremias van Vliet ជាភ្នាក់ងាររបស់ក្រុមហ៊ុននេះនៅចន្លោះឆ្នាំ១៦២៤ដល់ឆ្នាំ១៦២៩ ត្រូវបានតែងតាំងឱយទទួលបន្ទុកលើកិច្ចការទាំងឡាយដែលបំរើប្រយោជន៍ដល់ក្រុមហ៊ុននៅនគរសៀម។ van Vliet មានឱកាសល្អជាច្រើនដើម្បីប្រាស្រ័យទាក់ទងក្នុងកិច្ចការជំនួញ សង្គម និងលក្ខណ្ឌជីវិតរបស់មនុស្សម្នានៅសម័យនោះ។ ដោយសារគាត់ជាអ្នកសង្កេតដ៏ប្រុងយ័ត្ន និងជាអ្នកស៊ើបអង្កេតដ៏វៃឆ្លាតម្នាក់ផងដែរ ធ្វើឱយគាត់មានឱកាសល្អជាច្រើនក្នុងការប្រាស្រ័យទាក់ទងនឹងកិច្ចការខាងលើ។ យ៉ាងណាក៏ដោយ សៀវភៅរបស់គាត់មិនបានយកទៅបោះពុម្ពផ្សាយជាសាធារណៈទេកាលគាត់នៅរស់។ ក្នុងសេចក្តីពិពណ៌នារបស់គាត់ van Vliet បានសរសេររៀបរាប់ពីការលើកទ័ពមកឈ្លានពាននគរខ្មែររបស់សៀម ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២។ ព្រះបាទជ័យជេដ្ឋាទី២ បានឡើងគ្រងរាជ្យបន្តពីព្រះបិតាព្រអង្គ ព្រះបាទស្រីសុរិយោពណ៌ ។ ព្រះអង្គព្យាយាមលប់បំបាត់ឥទ្ធិពលសៀមនៅលើនគរខ្មែរដែលបន្សល់ទុកពីព្រះបិតាព្រះអង្គ។ ទ្រង់ជាមហាក្សត្រមួយអង្គដែលអ្នកប្រវត្តិសាស្ត្រលើ Facebook អ្នកស្នេហាជាតិជ្រល់ៗជាច្រើនត្មិះដៀលថាជាមហាក្សត្រល្ងង់ មិនខ្វល់ពីប្រទេសជាតិ។ ខាងក្រោមនេះជាសេចក្តីប្រែផ្លូវការនៃសង្គ្រាមខ្មែរសៀមក្នុងសៀវភៅរបស់ជនជាតិហូឡង់រូបនេះ។

ED36F2CC-0E1C-4D3B-8825-0D0B63579264

មហាក្សត្រកម្ពុជានានា តាំងពីបុរាណកាលមក ជាស្តេចដែលចំណុះឱយមហាក្សត្រសៀម តែម្តងម្កាល ពួកគេងើបបះបោរ។ បើទុកណាជាមហាក្សត្រ ព្រះអង្គម្ចាស់សៀមជាច្រើនអង្គបានវាយបង្ក្រាបឱយស្តេចក្រាញ់ទាំងនោះឱយគោរព ដោយប្រើកំលាំងទ័ពជាច្រើនដង ក៏មហាក្សត្រកម្ពុជាទាំងនោះមិនទ្រាំនៅចំណុះយ៉ាងខ្ជាប់ខ្ជួនដែរ។ ពួកគេតែងត្រៀមខ្លួនធ្វើសង្គ្រាមជានិច្ច ហើយបង្កររឿង ឆក់ប្លន់នៅក្រុងនានាតាមទន្លេឬស្ទឹងរបស់សៀម។ ដើម្បីការពារកុំឱយរឿងបែបនេះកើតឡើងម្តងទៀត និងដើម្បីចងកម្ពុជាឱយជាប់នឹងអំណាចរបស់នគរសៀម មហាក្សត្រសៀមមុន (ណរេសួន? បិតាមហាក្សត្រកាលនោះ) បានដឹកនាំកងទ័ពទៅកម្ពុជាដោយផ្ទាល់ព្រះអង្គ នៅឆ្នាំ១៦២២។ កងទ័ពទាំងនោះ មួយផ្នែកបញ្ជូនតាមជើងគោក និងមួយផ្នែកទៀតទៅតាមជើងទឹក។ កងទ័ពជើងទឹកមានច្រើនកងពល (Galleries) និងទូកមិនចាំបាច់ជាច្រើនទៀត។

ដោយសារ នៅលើទន្លេកម្ពុជាយូរពេក មិនមានសកម្មភាពអ្វី ឬគ្មានសកម្មភាពអ្វីទាំងអស់ កងទ័ពជើងទឹកក៏ត្រឡប់ទៅសៀមវិញ។ កម្ពុជាចាប់ផ្តើមបើកការប្រយុទ្ធនៅពេលកងទ័ពជើងទឹកនេះដកចេញទៅ ដោយលើកទ័ពទៅតទល់កងទ័ពជើងគោករបស់សៀម។ កងទ័ពកម្ពុជាបានទៅជួបជុំគ្នានៅតាមជ្រលងភ្នំ និងតាមវាលទំនាប (Low Fields) បញ្ឆោតកងទ័ពសៀមឱយចេញពីផ្លូវល្អ រួចបើកការវាយប្រហារ សំលាប់កងទ័ពសៀមច្រើនពាន់នាក់។ មនុស្សឆ្នើមជាច្រើននាក់ សេះ និងដំរីជាច្រើនក្បាលបានស្លាប់ក្នុងសមរភូមិនោះ។ ខាងកម្ពុជារឹបអូសបានដំរីនៅរស់២៥០ក្បាល។ ការការពារដ៏ជោគជ័យនេះ ភាគីសៀមបានទុកឱយកម្ពុជានៅក្នុងសន្តិភាព។ ក្រោយពីនោះពីរបីដង ខាងសៀមបានត្រៀមខ្លួនរៀបចំធ្វើសង្គ្រាម ហើយបង្ហើរពាក្យថាខ្លួននឹងទៅវាយប្រហារកម្ពុជា ប៉ុន្តែមិនដែលមានសកម្មអ្វីលេចជាឡើងទេ។ van Vliet បានជឿថាមមកពីមោទនភាព និងចរឹតមិនសូវចេះគិតររបស់សៀមដែលធ្វើទៅលើអ្នកជំនួញនានា និងពួកហូឡង់យ៉ាងអាក្រក់កាលពីរបីឆ្នាំមុន។ កុំថាឡើយហូឡង់ជួយបញ្ជូនសំពៅទៅឈ្លានពានកម្ពុជា ដែលអគ្គទេសាភិបាលនៅ Bativia (នៅម៉ាឡេស៊ី) បានសន្យានៅឆ្នាំ១៦៣៧ លោកអគ្គទេសាភិបាលហូឡង់នឹងទៅបោះទីតាំង(Comptoire)នៅកម្ពុជា ដែលមនុស្សរបស់គាត់អាចទៅស្នាក់នៅបាន។ ដូច្នេះហើយ ច្បាស់ណាស់ដែលថាសៀមនឹងទុកឱយកម្ពុជាស្ថិតនៅសន្តិភាពទៅថ្ងៃអនាគត។

 

ដកស្រង់ពី៖ Jeremias van Vliet’s Description of the Kingdom of Siam by F. VAN RAVENSWAAY. ទាញចេញពី The Siam Society